កាលបរិច្ឆេទ: ១៤ កក្កដា ២០២១ / ម្ហូបអាហារ
បង្កើតឡើងនៅឆ្នាំ២០១១ ដោយក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ក្រោមការជ្រោមជ្រែងពីសំណាក់អង្គការ Gret ក្នុងក្របខណ្ឌកម្មវិធី NutriKhmer ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា បបររុងរឿងគឺជាអាហារបំប៉នដែលសម្បូរដោយវីតាមីន និងជីវជាតិសំខាន់ៗជំនួយដល់ការលូតលាស់របស់កុមារអាយុពី៦ខែដល់ពីរឆ្នាំ។ ផលិតផលនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។ ដើម្បីឲ្យបបររុងរឿងអាចជ្រាបចូលដល់ទីជនបទបាន ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបានសហការជាមួយអង្គការផ្គត់ផ្គង់ទឹកស្អាត១០០១ដែលបានបង្កើត និងគាំទ្របណ្តាញចែកចាយទឹកស្អាតក្នុងតម្លៃទាបសម្រាប់គ្រួសារក្រីក្រនៅតាមខេត្តនានានៃប្រទេសកម្ពុជា។ ស្ថិតក្នុងតំណាក់កាលសាកល្បងនៅឡើយនេះ យុទ្ធសាស្រ្តចែកចាយបបររុងរឿងតាមរយៈបណ្តាញចែកចាយរបស់អង្គការទឹកស្អាតដែលទទួលបានការគាំទ្រពីក្រុមហ៊ុន Danone Cambodge និងគម្រោង Danone Communities ពឹងផ្អែកទាំងស្រុងទៅលើក្រុមការងារ O’We Ladies។
អូ-វីគឺជាម៉ាកទឹកបរិសុទ្ធដែលត្រូវបានផលិតនៅតាមទីតាំងផលិតប្រមាណ៣០០កន្លែងនៅតាមជនបទ។ តាមរយៈម៉ាស៊ីនបូមទឹក និងប្រព័ន្ធទឹកហូរ ទឹកទន្លេត្រូវបានប្រមូលមកស្តុកទុកក្នុងអាងមួយ និងត្រូវបានចម្រោះ(ចម្រោះដោយខ្សាច់ ចម្រោះដោយធ្យូង និងប្រើឧបករណ៍ចម្រោះ) បន្ទាប់មកត្រូវបានសម្លាប់មេរោគដោយអំពូលកម្មរស្មីអុលត្រាវីយូឡេ។ ធ្វើបែបនេះគឺអាចកម្ចាត់បាក់តេរីទាំងឡាយនៅក្នុងទឹក និងផលិតបានទឹកសុទ្ធដែលមានគុណភាពមិនប្រែលប្រួល។ ទឹកដែលឆ្លងកាត់ការបន្សុទ្ធដោយគោរពតាមស្តង់ដារគុណភាពកំណត់ដោយអង្គការសុខភាពពិភពលោក ត្រូវបានច្រកចូលក្នុងធុងចំណុះ២០លីត្រសម្រាប់ប្រើប្រាស់។ អង្គការទឹកស្អាតផ្តល់ធុងទឹកទទេមួយដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ទាំងឡាយណាដែលបានដូរទឹកអស់២០ធុង។ បន្ទាប់មក តម្លៃដូរទឹកថ្មីគឺត្រឹមតែ១៨០០រៀលប៉ុណ្ណោះសម្រាប់មួយធុង។
បណ្តាញផលិតទឹកស្អាតគឺជាកម្មសិទ្ធិរបស់ឃុំណាដែលមានវត្តមានបណ្តាញផលិតទឹកស្អាតនោះ ហើយការងារគ្រប់គ្រងត្រូវបានប្រគល់ទៅឲ្យប្រជាពលរដ្ឋដែលរស់នៅទីនោះ។ ជាមធ្យម នៅទីតាំងផលិតនីមួយៗ មានអ្នកគ្រប់គ្រងបីនាក់សម្រាប់ការផលិត និងការចែកចាយ ហើយដែលអាចទាញប្រាក់កម្រៃបានពីការងារនេះ។ សម្រាប់អង្គការទឹកស្អាត១០០១ ការបន្ថែមការងារចែកចាយបបររុងរឿងទៅដល់បណ្តាញផលិតទឹកទាំងនោះគឺមានន័យថាចូលរួមបង្កើនប្រាក់ចំណូលយ៉ាងសំខាន់ ព្រមទាំងបានពង្រឹងសកម្មភាពសង្គមរបស់ខ្លួនតាមរយៈការធ្វើវិមជ្ឈការផលិតផលទឹកស្អាត និងអាហារបំប៉ន សំដៅលើកកម្ពស់សុខភាព និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រីក្រ។
លោក Frédéric Dubois នាយកអង្គការទឹកស្អាត១០០១ប្រចាំនៅកម្ពុជាមានប្រសាសន៍ពន្យល់ថា៖ «សម្រាប់ពេលនេះ បណ្តាញផលិតទឹកស្អាតរបស់យើងធ្វើការផលិត និងចែកចាយប៉ុណ្ណោះ គឺខ្វះចំណេះដឹងខាងពង្រីកទីផ្សារ ជាពិសេសគឺការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីការប្រើប្រាស់ផលិតផលដែលមានប្រយោជន៍សម្រាប់សុខភាព។ ដើម្បីឲ្យគម្រោងបបររុងរឿងអាចដំណើរការបាន យើងមានគំនិតជ្រើសរើសក្រុមការងារ «Owe Ladies» ឲ្យមកបំពេញការងារនេះ ពោលគឺពួកគេត្រូវចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មាតាវ័យក្មេងឲ្យបានទូលំទូលាយ»។
ក្នុងតំណាក់ដំបូងនេះ ក្រុមការងារ «Owe Ladies» ធ្វើការងារផ្សព្វផ្សាយសម្រាប់តែផលិតផលបបររុងរឿងតែមួយប៉ុណ្ណោះ ប៉ុន្តែបើការងារនេះទទួលបានជោគជ័យ ទៅថ្ងៃអនាគតក្រុមការងារនឹងក្លាយជាភ្នាក់ងារទីផ្សារសម្រាប់ផលិតផលផ្សេងៗទៀត ហើយក្រុមការងារត្រូវធ្វើការជាមួយសហគ្រាសសង្គមខ្នាតតូចដូចជាបណ្តាញផលិតទឹកស្អាត និងអតិថិជនរបស់ពួកគេនៅតាមជនបទ។ អង្គការទឹកស្អាត១០០១ជឿជាក់ឃើញថា ក្រុមការងារ«Owe Ladies» នឹងអាចកើនឡើងដល់៣០០នាក់ក្នុងរយៈពេលមួយឆ្នាំកន្លះទៀត។
ដើមឡើយបបររុងរឿងត្រូវបានបង្កើតឡើងក្នុងបំណងប្រយុុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភនៅតាមជនបទ ប៉ុន្តែបច្ចុប្បន្នបបររុងរឿងបានចូលរួមចំណែកពង្រឹងការផ្តល់សេវាកម្មទាក់ទងនឹងផ្នែកសុខភាពទៅដល់ប្រជាពលរដ្ឋនៅតាមជនបទផ្ទាល់។ ដូច្នេះក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលមានក្តីសោមន្សជាពន់ពេក៕